ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ.ស.រ.ណ.អថ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកានិងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញជុំវិញខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាការផ្សព្វផ្សាយសារាចរនេះពិតជាមានសារៈសំខាន់សម្រាប់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តធ្វើការអនុវត្តថវិកាឱ្យបានត្រឹមត្រូវស្របតាមប្រតិទិនការងារដែលបានកំណត់ក្នុងសារាចរណែនាំនេះ។ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រប់ជ្រុងជ្រោយ ហើយការបិទបញ្ជីចំណូល-ចំណាយត្រូវមានតម្លាភាព និងទាន់ពេលវេលាទៀតផង។ លោកជំទាវក៍មានប្រសាសន៍ជម្រុញ ដល់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវតែគិតគូឱ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ និងស្របតាមតម្រូវការជាក់ស្តែងក្នុងដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ជាពិសេសត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបិទបញ្ជីចំណូល-ចំណាយថវិកាក្នុងឆ្នាំ២០២៣នេះ ឱ្យបានត្រឹមត្រូវច្បាស់លាស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំណែទម្រង់ដឹកនាំ និងអភិវឌ្ឍន៏គ្រប់ក្រសួង មន្ទីរ ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៍មានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញ នៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមល័ក្ខខ័ណ្ឌ និងបណ្តាវិធានការនានា ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងច្បាស់លាស់។
សូមអរគុណ!