ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត។
ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោ ស៊ុំ ប៊ុនសឿត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត,លោក វង់ រ៉េបេណា ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ និងរដ្ឋបាលគណនេយ្យករតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។
លោក វង់ រ៉េបេណា ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអានសារាចរណែនាំលេខ ០១៣ រួចមក។ លោក ប៉ូច សាអែម បានថ្លែងថាគ្រប់អង្គភាពត្រូវគិតគូរឲ្យបានច្បាស់លាស់នៅការរៀបចំផ្នែកចំណូល-ចំណាយរបស់មន្ទីរអង្គភាពអោយបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ដំណើរការអនុវត្តការងារថវិកាស្របតម្រូវការសម្មតិកម្មរបស់ខ្លួន លោកប្រធានមន្ទីរបានបន្តថា សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាពត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាយុទ្ធសាស្រ្តសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាក៏ត្រូវរំលេចផងដែរអំពីវិធានការគោលនយោបាយសំខាន់ៗដែលក្រសួងស្ថាប័នបានដាក់ចេញឲ្យស្របតាមទិសដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងក៏ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៣ នេះអោយបានល្អប្រសើរ។
ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានផ្តាំផ្ញើរអោយមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ស្តាប់ និងអនុវត្តតាមការបង្ហាញរបស់តំណាងប្រតិភូអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុត្តថវិកាឆ្នាំ២០២៣ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។