ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយះប្រព័ន្ធ Video Conference (ZOOM) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃ កសហវ. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។ នៅក្នុងរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក៏បានឆ្លុះបញ្ចាំងថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។
សូមអរគុណ!