ប៉ៃលិន៖ នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម ប្រចាំ៩ខែដើមឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញ មកពីមន្ទីរ/អង្គភាពជុំវិញខេត្ត។ បន្ទាប់ពី កញ្ញា ហេង សុខ លីន ប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានធ្វើបទបង្ហាញពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ រួចមក លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថានៅពេលនេះការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២៣ ក្នុងការព្រឹងកិច្ចដំណើរការនៃការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មឲ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពសន្សំសំចៃ និងទាន់ពេលវេលាផងដែរ។ លោកបន្តថាការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ នេះ មន្ទីរជំនាញនៅក្នុងឆ្នាំ២០២៣ មានផែនការលទ្ធកម្មសរុបចំនួន ២៧១ គម្រោង អនុវត្តបានចំនួន ២៧០ គម្រោង ស្មើនិង ៩៩.៦៣% ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២៣ នេះ មានផែនការលទ្ធកម្ម និងផែនការកែតម្រូវសរុបចំនួន ២៥ គម្រោង អនុវត្តបានចំនួន ២២ គម្រោង ស្មើនិង ៧៥.៨៦%។ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជម្រុញដល់មន្ទីរជំនាញទាំងអស់ដែលមានការយឺតយាវធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ របស់ខ្លួន ត្រូវបន្តយកចិត្តទុកដាក់និងខិតខំអនុវត្តឲ្យបានទាន់ពេលវេលា។