ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្យោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី ខេត្ត
អ្នកនិពន្ធ: SOEUNG KIMSAN
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្យោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ (អ.គ.ហ) អមដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈអភិបាលខេត្ត, លោក លោកស្រីតំណាងមន្ទីរផែនការខេត្ត, លោក លោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កសហវ. និង លោក លោកស្រីក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥ ។ សិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ ។


សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងកែសម្រួលបន្ថែមលើការវិភាគចំណុចខ្លាំង ចំណុចខ្យោយ កាលានុវត្តភាព និងការគំរាម (SWOT) របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ចំនួន៥ មានដូចជា៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀង ដើម្បីចែករំលែកជាបទពិសោធន៍ និងជាគំរូជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដទៃទៀត ដែលនឹងត្រូវរៀបចំរបាយការណ៍វិភាគ (SWOT)នេះនាពេលខាងមុខ។ ជាលទ្ធផលអង្គសិក្ខាសាលាបានពិភាក្សាយ៉ាងផុលផុស និងផ្តល់ជាយោបល់ធាតុចូលបន្ថែម សម្រាប់កែលម្អលើសេចក្តីព្រាងរបាយការណ៍វិភាគ (SWOT)នេះ ឱ្យកាន់តែមានអត្ថន័យពេញលេញ និងគ្រប់ជ្រុងជ្រោយ ។


ជាចុងបញ្ចប់នៃសិក្ខាសាលា ឯកឧត្តម យ៉េត វីណែល បានមានប្រសាសន៍ថា ការរៀបចំរបាយការណ៍វិភាគ (SWOT) ជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្នុងការស្វែងយល់កាន់តែច្បាស់អំពីចំណុចខាំង ឬសក្តានុពល និងចំណុចខ្សោយ ស្ថិតក្នុងដែនរដ្ឋបាលរបស់ខ្លួន ព្រមទាំងអាចប្រមើលឃើញពីកាលានុវត្តភាព ឬឱកាស និងការគំរាមកំហែងនានា ដែលអាចនឹងមកដល់នាពេលខាងមុខ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់រាជធានី ខេត្ត ដែលជាជំនាញបច្ចេកទេស ត្រូវធ្វើការសម្របសម្រួល និងពិភាក្សា ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានា ដើម្បីប្រមូលទិន្នន័យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ជាជំនួយក្នុងការធ្វើបច្ចុប្បន្នភាព និងធ្វើសុពលភាពលើរបាយការណ៍វិភាគ SWOT នេះផងដែរ ។


ព័ត៌មានទាក់ទង